Read Text:
-ពូមីៈ ហ៊ើយឆ្ងល់នោះឆ្ងល់! កាលពីក្បាលល្ងាច ឮសម្លេងពួកវាស្រែកច្រៀងពេញព្រៃ
រួចពេលមកដល់គោលដៅជាក់ស្តែងនោះ គ្មានអាណាមួយអើតក្បាលម្នាក់សោះ ពួក
នេះវាដូចដឹងក្លិនឯងម៉ោម៉េច អោយតែយ៉ាងនឹង ប្រាកដជាដាច់បាយហើយ
-ពូមី៖ យី! រួចចុះស្អីវីកវើកៗហ្នឹង ខ្មោចលងទេដឹង? នែ! អ្នកណាហ្នឹង ខ្មោចឬ
មនុស្ស? ឆាប់ចេញភ្លាមម៉ោប្រយត្ន័យើងកាប់ងាប់វ៉ើយ! អ្ហាក! អាស៊ុយ
អាស៊ុយ៖បាទ ខ្ញុំទេពូមី ពូកុំកាប់ខ្ញុំអី
ពូមី៖ យីអាស៊ុយ រួចចុះឯងមកអើតលើមអីនៅកន្លែងនេះវិញ នែយប់ហើយម៉េចមិន
ទៅដេកពួនទៅ
អាស៊ុយៈ ពូស្មានតែខ្ញុំចង់ម៉ោណាស់ទៅអី ខ្ញុំខ្លាចខ្មោចចង់ងាប់ទៅហើយ ប៉ុន្តែគ្មាន
អីខ្លាំងជាងឈឺបត់ជើងទេ
ពូមី៖ រួចចុះផ្ទះឯងអត់មានបង្គន់ទេអីបានជាម៉ោបត់ជើងកន្លែងនឹងវិញ?
អាស៊ុយ៖ ដូចពូដឹងស្រាប់ហើយ ផ្ទះខ្ញុំមានដែលមានបង្គន់ឯណា
ពូមី៖ នែអាស៊ុយ ឯងស្មានតែអញអត់ដែលទៅផ្ទះអ្ហែងអ្ហេស អញឃើញផ្ទះឯង
មានបង្គន់ច្បាស់ណាស់ ហើយស្អាតទៀតផង
អាស៊ុយ៖ មែនហើយពូ តែបង្គន់នោះ មិនមែនសម្រាប់ខ្ញុំទេ គឺសម្រាប់មាន់របស់ខ្ញុំ
ណា
ពូមី៖ ហ៊ើយ! កាលមុនសង់ផ្ទះឲ្យមាន់ ឥឡូវសង់បង្គន់ឲ្យមាន់ទៀត មាន់ឯងម៉េចក៏
អស្ចារ្យម្ល៉េះអ្ហាស!
អាស៊ុយ៖ ខ្ញុំតែម្នាក់ឯងវាមិនអីទេ តែមាន់មានគ្នាច្រើន បើមិនធ្វើបង្គន់ឲ្យវានោះ ផ្ទះ
ខ្ញុំប្រាកដជាក្លាយទៅជាភ្នំអាចម៍មាន់មិនខានទេ
ពូមី៖ ឯងនិងមាន់របស់ឯងនោះ ធ្វើអីប្លែកៗណាស់ បានហើយអញទៅហើយអញប្រញាប់ទៅធ្វើការអញទៀត ហើយឯងប្រញាប់ទៅធ្វើបង្គន់មួយដែរទៅ ហើយបើថាពិបាកណាស់ ប្រើរួមជាមួយមាន់ទៅក៏បានដែរ
អាស៊ុយ៖ បាទពូ ចឹងខ្ញុំទៅសិនហើយ
ពូមី៖ អើ! យីអានេះ ចំជាគ្មានអនាម័យមែនវ៉ី
-ពូមី៖ ហ៊ើយអាស៊ុយ ម្ងៃៗយកចិត្តទុកដាក់ជាមួយសត្វមាន់ ជាជាងខ្លួនវាទៀត វាស្មានតែមាន់នឹងចេះដឹងគុណវាហើយមើលទៅ (ឈប់) យីស! នៅម្តុំនេះ ម៉េចក៏ត្រជាក់ម្ល៉េះវ៉ី ធ្លាប់ឮគេនិយាយថា កន្លែងដែលត្រជាក់ វាតែងតែមានខ្មោច ហ៊ើយតិចខ្មោចលងទៅ?
ជូស៊ី៖ គ្មានខ្មោចឯណាទេពូមី កុំខ្លាចអី!
ពូមី៖ អ្ហាស! ឯងនិយាយត្រូវហើយ វាគ្មានខ្មោចអីទេ តែវាមានអាប អញសូមលា
ហើយ
ជូស៊ី៖ អេឈប់សិនពូមី ខ្ញុំមិនមែនអាបទេ ពូមីមើលឲ្យច្បាស់មើល
ពូមី៖ អ្ហាស! អូនជូស៊ី មកធ្វើអីកន្លែងនឹង ខ្ញុំលស់ព្រលឹងអស់អាលីង
ជូស៊ី៖ គឺខ្ញុំទើបតែម៉ោពីទិញពោះវៀនជ្រូកនឹងណា
ពូមី៖ រួចអត់ពេលទិញទេអីបានជាទៅទិញពោះវៀនជ្រូកទាំងយប់ចឹង?
ជូស៊ី៖ គឺខ្ញុំខ្លាចព្រឹកងើបមកទិញមិនទាន់ទេ ទើបមកទិញពីយប់ឲ្យហើយទៅ
ពូមី៖ អើរួចចុះមាត់ម៉េចបានជាមានប្រឡាក់ឈាមចឹង
ជូស៊ី៖ អូគឺមុននេះ ខ្ញុំដើរដួលបុកនឹងថ្មហ្នឹងណា ទើបបានជាបែកមាត់ហូរឈាមបែប
នេះ
ពូមី៖ ហ៊ើយចំជាចៃដន្យមែនតាម៉ង ធ្វើឲ្យខ្ញុំនេះភ័យអស់ម៉ាគគោក មើលស្មានតែអាប
លង ចឹងអូនជូស៊ីឯងឆាប់ទៅផ្ទះទៅ ប្រយត្ន័ស្អុយពោះជ្រូកអស់ទៅ
ជូស៊ី៖ ចា ហើយចុះពូមីទៅណាទាំំងយប់ចឹង? អត់ខ្លាចគេចាប់រំលោភទេអី
ពូមី៖ ដោយសារតែភ្លៀងមួយមេធំកាលពីក្បាលល្ងាចនោះ ទើបខ្ញុំចេញមករកកង្កែប
ក្រែងបានទុកស៊ីបបរព្រឹក
ជូស៊ី៖ ហ៊ើយទៅរកកង្កែបអីនាំតែហត់ទេ មស៍ទៅជាមួយអូនទៅ អូនឲ្យស៊ីពោះជ្រូក
ពូមី៖ មិនហ៊ានស៊ីទេ ខ្លាចកើតអាបណាស់
ជូស៊ី៖ ម៉េចបានពូមីនិយាយចឹង ពូស្មានតែខ្ញុំអាក្រក់ណាស់អ្ហេស ពូដឹងទេ នៅក្រោយ
ផ្ទះរបស់ជូស៊ី គឺសុទ្ធផ្នូរបុរសក្លាហានទាំងអស់
ពូមី៖ ម៉េចក៏ចឹង?
ជូស៊ី៖ ព្រោះមកពីជូស៊ីមានសម្រស់លើសគេនោះអី បើពូមីបានអូនគឺសំណាងហើយ ម៉ោទៅជាមួយអូន
ពូមី៖ អេអត់ទេ អញទៅហើយ
-ដើរឮសម្លេងយំ
ពូមី៖ ហើយ!! វីវរហើយ សម្លេងអីចេះ? គ្រាន់តែឮហើយ ព្រឺក្បាលខ្ញាកតែម្តង អ្នកណាហ្នឹង? អ្នកណាមកយំអីកណ្តាលព្រៃចឹង? ដឹងថាយើងខ្លាចទេ? ឆាប់ចេញមុខ
ម៉ោយើងបាញ់ម៉ាចំពាមកៅស៊ូវ៉ើយ!
ក្មេង៖ ពូកុំបាញ់ខ្ញុំអី
ពូមី៖ អ្ហាស! អាចក់! គឺឯងទេអ្ហេស?
ក្មេង៖ គឺខ្ញុំនឹងហើយ ពូឃើញហើយនៅសួរទៀត
ពូមី៖ អើអញសួរបញ្ជាក់ ក្រែងលខ្មោចវាប្រែកាឡាអីទៅ រួចចុះឯងមកនៅអីហ្នឹងទៅវិញ ឪឯងមិនរកស្លាប់ហើយអ្ហេស?
ក្មេង៖ គាត់កំពុងតែរកខ្ញុំនឹងហើយ ហើយខ្ញុំក៏កំពុងតែគេចពីគាត់
ពូមី៖ អ្ហាកថីបានគេចពីគាត់
ក្មេង៖ គឺគាត់ប្រើខ្ញុំឲ្យយកសំណាញ់ទៅបង់ត្រី
ពូមី៖ ឯងមិនចេះបង់សំណាញ់មែនបានរត់គេចពីគាត់ចឹង?
ក្មេង៖ មិនមែនទេពូ គឺគាត់ប្រើខ្ញុំឲ្យទៅបង់សំណាញ់នៅឯចុងត្នោត
ពូមី៖ អ្ហាស! ឪឯងសរសៃរប្រសាទទេដឹងអ្ហាស! នៅមិននៅទៅឲ្យកូនឡើងបង់សំណាញ់លើចុងត្នោតទៅវិញ ធ្វើម៉េចបានត្រីស៊ីទៅ
ក្មេង៖ មែនហើយពូ គាត់ថាគាត់ធ្លាប់បង់បានត្រី ហើយគាត់ក៏ចង់បង្រៀនខ្ញុំឲ្យចេះបង់ដែរ
ពូមី៖ អើរួចចុះឯងរៀនយ៉ាងម៉េចទៅ
ក្មេង៖ ខ្ញុំមិនបានរៀនទេ ព្រោះអីខ្ញុំអត់ឡើងត្នោត ម្យ៉ាងទៀតខ្ញុំខ្លាចខ្ពស់ផង ចឹងហើយបានជាខ្ញុំរត់មកពួននៅកន្លែងនេះនឹងណា មែនហើយពូ សូមពូជួយលាក់ផង កុំប្រាប់ឪខ្ញុំថាខ្ញុំមកពួននៅទីនេះឲ្យសោះណា
ពូមី៖ អើមិនអីទេ ឯងទៅពួនទៀតទៅ បើអញមិនឃើញគាត់អញមិនប្រាប់គាត់ទេ
ក្មេង៖ អរគុណពូហើយចឹង ខ្ញុំទៅហើយ
ពូមី៖ រួចចុះឯងទៅណាវិញ?
ក្មេង៖ អូគឺខ្ញុំទៅផ្ទះនឹងណា យប់ហើយ ខ្ញុំខ្លាចខ្មោចលងណាស់
ពូមី៖ យីអាមួយនេះម៉េចក៏ចម្លែកម្ល៉េះវ៉ី!
-ដើរបន្ត មានធ្លាក់ខ្យល់
ពូមី៖ យី នៅសុខៗម៉េចធ្លាក់ខ្យល់អីសំបើមម្ល៉េះ តិចមេឃរកភ្លៀងទេដឹង
-ស្រមោលសហោះ
ពូមី៖ អ្ហាសស្អីហ្នឹង? ខ្មោចលងមែនទែនហើយមើលទៅ គិតទៅច្រកណាអញ្ចេះខ្ញុំ
-ពូមីរត់ទៅបុកអាចូក
ពូមី៖ យីអាចូក ម៉េចឯងមកឈរបាំងផ្លូវអញចឹង ហ៊ើយឃើញផ្កាយពេញមេឃអ្ហា
អាចូក៖ ពូមីរួចចុះពូបង្ខំរត់ទៅណាលឿនម្ល៉េះ ម៉ោពីពូរត់លឿនពេកហ្នឹងណាបានជា
ខ្ញុំគេចមិនទាន់
ពូមី៖ អើអាចូក មិនឲ្យអញរត់លឿនយ៉ាងម៉េច បើម៉ិញនេះអញឃើញខ្មោចលងស្រស់
តែម្តងវ៉ើយ
អាចូក៖ យីមានខ្មោចលងផង ខ្ញុំនៅនេះយូរហើយ ម៉េចក៏ខ្ញុំមិនឃើញមានអីចឹង
ពូមី៖ អញក៏មិនដឹងដែរ រួចចុះឯងទំនេរខ្លាំងណាស់អ្ហេស បានមកឈរលេងកន្លែង
ហ្នឹងទាំងកណ្តាលយប់ចឹង?
អាចូក៖ មិនទំនេរទេពូ ខ្ញុំមកនេះ គឺមានការងារសំខាន់ណាស់
ពូមី៖ ការងារសំខាន់អីទៅ?
អាចូក៖ ពូមើលនោះទៅ
ពូមី៖ អ្ហាសអាចូកឆាប់រត់ទៅ ខ្មោចដេញមកដល់ហើយ
អាចូក៖ ខ្មោចឯណាពូ?
ពូមី៖ យីឯងមិនមើលទៅ នោះស្អីសៗហ្នឹង
អាចូក៖ ពូអើយពូ ចំណាស់នេះទៅហើយនៅឆោតទៀត មិនមានខ្មោចអីមកលងទេ
នោះជាខ្លែងរបស់ខ្ញុំទេតើ
ពូមី៖ អ្ហាសខ្លែង?
អាចូក៖ មែនហើយ
*-អាចូកកាន់ខ្សែខ្លែង
ពូមី៖ ពុទ្ធោអាចូកអើយ ឯងនេះចំជាចង្រៃមែន មកបង្ហោះខ្លែងអីទាំងកណ្តាលយប់
ចឹង នឹងអ្ហេសជាការងារសំខាន់របស់ឯង?
អាចូក៖ ខ្ញុំក៏មិនចង់ដែរពូ តែកាលពីថ្ងៃមេឃវាភ្លៀងពេក ខ្ញុំបង្ហោះមិនកើត ទើបតែ
ថ្មើរខ្ញុំឃើញមានធ្លាក់ខ្យល់ល្អផង ក៏ចង់សាករបស់ថ្មីនឹងណា
ពូមី៖ រួចចុះម៉េចក៏មានសម្លេងចឹង?
អាចូក៖ អូគឺខ្លែងរបស់ខ្ញុំនេះ វាទំនើបទើបតែកុម្ម៉ង់មកថ្មីៗ វាមានរូបរាងប្លែក ហើយ
មានបង្កប់ម៉ាស៊ីនសម្លេងទៀតផងណាពូ
ពូមី៖ ចំជាចម្លែកមែន ធ្វើឲ្យអញភ័យចង់រាកនោម មិនត្រឹមតែរូបរាងដូចខ្មោចទេ ថែមទាំងមានម៉ាស៊ីនសម្លេងទៀត អញសុំខ្លាចហើយ
-ពូមីដើរបន្ត
ពូមី៖ ថ្ងៃនេះពិតជាស៊យមែន រកកង្កែបមិនទាន់បានម៉ាក្បាលសោះ ជួបតែមនុស្សចម្លែកៗ កាដុមចែប! ស្អីនុង?
-ឃើញស្រមោលខ្មៅសទ្រេតទ្រោត
ពូមី៖ ស្រមោលអីខ្ពស់យ៉ាងនេះ ប្រាកដណាស់ ពិតជាខ្មោចលងជាមិនខានទេ
គិតធ្វើយ៉ាងម៉េចទៅ
-មើលឃើញថាអឿនកំពុងឈរទ្រេតទ្រោត
ពូមី៖ អ្ហាក! តាអឿន? រួចតាស្រវឹងទៀតហើយអ្ហេស?
តាអឿន៖ អើយអាចៅ ឃើញហើយនៅសួរទៀត
ពូមី៖ ចុះបើស្រវឹងហើយ ម៉េចតាមិនទៅផ្ទះទៅ? ម៉ោទ្រេតទ្រោតអីកន្លែងហ្នឹង ខ្ញុំ
ភ័យចង់លោះព្រលឹងទៅហើយ
តាអឿន៖ យីអានេះវ៉ី តានឹងគួរឲ្យខ្លាចណាស់ទៅអ្ហេសបានចង់លោះព្រលឹងហ្នឹង ម៉ោ
ពីថាស្រវឹងពេក រកផ្លូវទៅផ្ទះអត់ឃើញ នែអាចៅជួយជូនតាទៅផ្ទះតិចម៉ោអ្ហា!
ពូមី៖ ខ្ញុំមិនកំណាញ់ទេគ្រាន់តែជូនទៅផ្ទះនោះ តែគោលដៅរបស់ខ្ញុំ ចេញមករក
កង្កែបមិនទាន់បានមួយក្បាលផង តានៅចាំត្រង់ហ្នឹងសិនហើយ ចាំខ្ញុំចប់ការងារ ខ្ញុំ
ជូនតាទៅ
-ដើរបន្ត
ពូមី៖ ហ៊ើយដើរមួយទៅហើយ គ្មានបានកង្កែបមួយសោះ ជួបតែខ្មោចក្លែងក្លាយប៉ុន្មាននាក់ហ្នឹងហើយមើលទៅ
ពូចឿន៖ នែក្មួយ មានឃើញកូនពូទេ?
ពូមី៖ កូនពូ? កូនពូជាអ្នកណាទៅ?
ពូចឿន៖ យីអើ នៅក្នុងភូមិជាមួយគ្នារាប់ឆ្នាំហើយ ឯងមិនស្គាល់កូនអញទេអ្ហេស?
ពូមី៖ ធ្វើម៉េចខ្ញុំស្គាល់ទៅ បើពូពាក់ម៉ាស់ជិតចឹង ខ្ញុំមិនដឹងថាពូជាអ្នកណាផង ខ្ញុំម៉េច
ទៅស្គាល់កូនពូកើត?
ពូចឿន៖ អើមែនវ៉ី
ពូមី៖ អ្ហាស! ជួយផងខ្មោចលង?
ពូចឿន៖ នែអាក្មួយឈប់សិន អាក្មួយប្រាប់ថាឲ្យឈប់ អានេះរត់លឿនម្ល៉េះអ្ហា
អញថាឲ្យឈប់សិន និយាយគ្នាសិនមើល
ពូមី៖ នែអាខ្មោចចង្រៃ ឯងហៅយើងឈប់មានការអី?
ពូចឿន៖ ហ្អើយពូមិនមែនខ្មោចទេ
ពូមី៖ មុខមាត់អាក្រក់ប៉ុណ្ណឹងហើយនៅថាមិនមែនខ្មោចទេ តើជាស្អីទៅវិញទៅ?
ពូចឿន៖ មិនមែនទេ ពូគឺពូចឿនណា គឺពូមករកកូនពូឈ្មោះអាចក់
ពូមី៖ អ្ហាសពូចឿន ហើយចុះម៉េចបានមុខពូទៅជាចឹងទៅវិញ? ពូថតកុនមែនទេ?
ពូចឿន៖ ថតកុនស្អី ពេលពូកំពុងដេកលក់នោះ មានអាក្បាលខូចវាមិនគូសមុខពូ
ឲ្យទៅជាចឹង ហើយពូជឿថាគ្មានអ្នកណាក្រៅពីអាចក់កូនពូនោះទេ ឥឡូវវារត់ពូន
បាត់ហើយ ទើបពូចេញមករកវានឹងណា
ពូមី៖ អូអាចក់! ខ្ញុំទើបតែជួបវាម៉ិញតើពូ វាប្រាប់ខ្ញុំថាពូបង្ខំឲ្យវាឡើងបង់សំណាញ់លើចុងត្នោត ចឹងហើយបានជាវារត់គេចពីពូ
ពូចឿន៖ អ្ហើយកូនពូអាចក់នេះ វាក្បាលខូចណាស់ ឯងចាញ់បោកវាហើយ ចឹងពូទៅ
តាមវាសិនហើយ
ពូមី៖ ទៅចុះពូ ពូទៅតាមផ្លូវហ្នឹងត្រង់ទៅ ឃើញវាហើយ
ពូចឿន៖ អ៊ើអរគុណច្រើនក្មួយ
-ដើរបន្ត
ពូមី៖ ហ៊ើយ ស្មានតែបានជួបខ្មោចពិតហើយតើ តាមពិតពូចឿនឪអាចក់សោះ
ហ៊ឹសបើសិនជាបានជួបខ្មោចពិតមែននោះ ប្រហែលជាលែងខ្លាចហើយមើលទៅ
អ្ហាស! ប្រាកដជាខ្មោចមែនទែនហើយ ហ៊ឹសយើងនឹងកាប់ឯងឲ្យងាប់!
ឯងនៅឲ្យស្ងៀមកុំរត់ អាខ្មោចចង្រៃ កុំរត់
ឪ៖ ជួយផង ជួយផង អញទេៗ កុំកាប់អញ
ពូមី៖ អ្នកណាហ្នឹង?
ឪ៖ គឺអញជាឪរបស់ឯងណា
ពូមី៖ យីឪ ម៉េចក៏ឪពាក់មុខខ្មោចដើរពេញព្រៃចឹង?
ឪ៖ ថ្ងៃម៉ិញឪដើរផ្សារឃើញគេលក់ស្រោមមុខខ្មោចនេះ ឪក៏ទិញមកពាក់លេងទៅ
ពូមី៖ ហ៊ើយឪអើយឪ បើទិញពាក់ម៉េចពាក់នៅផ្ទះទៅ ម៉ោពាក់អីនៅព្រៃចឹងហើយកណ្តាលយប់ទៀត នេះប៉ះខ្ញុំមិនសូវខ្លាច បើប៉ះអ្នកផ្សេង គេភ័យគាំងបេះដូងងាប់
បាត់ ឪប្រាកដជាត្រូវសងគេជាមិនខានទេ
ឪ៖ នែបើគេភ័យងាប់ គឺដោយសារខ្លាចខ្មោច ចឹងទុកឪ្យពួកខ្មោចវាសងទៅ ឪជា
មនុស្សទេតើ
ខ្មោច៖ យីម៉េចក៏ឲ្យខ្មោចសង ខ្មោចអត់ដឹងអីផង
ឪ៖ អ្ហាសខ្មោច! ឪទៅមុនហើយវ៉ើយ
ពូមី៖ ឈប់សិនឪ ឈប់សិន ខ្មោចក្លែងក្លាយ ខ្លាចខ្មោចក្លែងក្លាយ មើលទៅយប់នេះ គ្មានបានផលអីទេ ទៅផ្ទះវិញល្អជាង.
3 Comments
I Love Pumee
ReplyDeleteបានជួបពូមីទៀតហើយ
ReplyDeleteHello pu mee
ReplyDelete